​ កំណាព្យស្នេហាចុងក្រោយចានៅលើ​ស្លឹកត្នោតរបស់រាជសម្ភារមុនទាហានធ្វើគុត

ព្រះរាជសម្ភារបាន​ស្រែក​ឃាត់​ពួកកងទ័ព​បរទេស​ទាំង​នេះ​ថា កុំ​ទាន់​អាល​ធ្វើ​គត់​ទ្រង់ ។ ទ្រង់​បាន​ឡើង​ដើមត្នោត ហើយ​បាន​ទ្រង់​លិខិត​បណ្តាំ​ដល់​បច្ឆាជន (​ជន​ជំនាន់​ក្រោយ) ដោយ​ទ្រង់​ចារ​ជា​កំណាព្យ នៅលើ​ស្លឹកត្នោត​នោះ ។ កំណាព្យ​នោះ​សព្វ​ថៃ្ង ត្រូវបាន​គេ​ស្គាល់​ថា កំណាព្យ​​ចារ​ឰដ៏​ចុង​ត្នោត (​មុន​ពេល​ទ្រង់សុគត) ដែល​មាន​ខ្លឹមសារ​ដូចតទៅ​នេះ​៖

ក្របសៀវភៅស្តីពីរាជកវី ព្រះរាជសម្ភារ

សាធុ​សម្ទាយ  ​កុំបី​រាយមាយ   ​នឹង​ក្តី​កាមា​
​តែ​ឱ្យ​វង្វេង   ក្នុង​វដ្ត​សង្សារ    ​ ស្លាប់​ទៅ​កាលណា
បាន​សោយ​តែ​ទុក្ខ ។

​ហេតុតែ​ក្សត្រី       នាំ​ឱ្យ​អប្រីយ៍     ដូច​ត្រី​ក្នុង​ភក់
បើ​បុរស​ផង            ចង់​ឆ្លង​ន​រក      កុំ​ធ្វើ​វីវក់​
​ដូច​អញ​ច្នេះ​ណា ។

ពីព្រោះ​កា​មេ  ឥឡូវ​ទាល់តែ​  ក្សិណក្ស័យ​មរណា​
សូវ​ស្លាប់ទៅ​គាប់​      ឱ្យ​ជា​ប់ធ​ម្មា    សូម​អស់​ទេ​វា​
ជួយ​ជា​ទិព្វ​ញ្ញាណ ។​

​ទើប​ព្រះ​ភូមិ​-       ន្ទ្រា​ធិបតិន     ​ ទ្រង់​អធិដ្ឋាន​
​ពី​នេះ​ទៅ​មុខ    ខ្ញុំ​សូម​ឱ្យ​បាន     ជា​ព្រះ​ពុទ្ធញ្ញាណ​
​នាំ​សត្វ​ទាំងឡាយ ។​

​ឱ្យ​អ្នក​ទាំងពួង       ជា​ទាហាន​ហ្លួង​    នាំយក​ទៅ​ថ្វាយ
​ព្រះ​បិតុច្ឆា (​ពូ) ទ្រង់​ជ្រាប​អធិប្បាយ កុំ​ទ្រង់​រាយមាយ នឹង​ក្តី​កាមេ ។​

បើយោងតាមឯកសារ​ព្រះ​រាជពង្សាវតារ ទំព័រ ៣៩១-៣៩២បានបញ្ជាក់ថា ​លុះ​ទ្រង់​ចារ​បណ្តាំ​នេះ​ចប់ ទ្រង់​ក៏​ស្រែក​ប្រាប់​ទៅ​កងទ័ព​ទាំង​នោះ ហើយ​ក៏​ត្រូវ​កងទ័ព​បរទេស​ទាំងនោះបាញ់​នឹង​កាំភ្លើង ឯកសារ​ខ្លះ​ថា ​គ្រាប់កាំភ្លើង​ត្រូវ​ព្រះអង្គ​ធ្លាក់​ពីលើ​ចុង​ត្នោត​សោយ​ទីវង្គតក្នុង​ព្រះជន្ម ២៩​ ព្រះវស្សា ។ ចំណែក​ព្រះ​នាង​អង្គ​វត្តី ក៏​ត្រូវ​កងទ័ព​ព្រះ​ឧទ័យ​ប្រហារ​នៅ​គ្រា​នោះ​ដែរ។ គុណធម៌ គុណភាព គំនិត​ប្រាជ្ញា ផែនការ​ក្នុង​ការដណ្តើមយក​ទឹកដីរបស់​ខ្លួន​មក​វិញ​ពី​បច្ចាមិត្រ សុទ្ធតែ​ត្រូវ​បរាជ័យ និងវិនាស​សាបសូន្យ​​ទាំងអស់ បន្សល់ទុក​នៅ​តែ​វិនាសកម្ម និងសោកនាដកម្ម​ប៉ុណ្ណោះ។ ទាំងនេះជា​មហន្តរាយដែល​កើតចេញពី​កំហុស​ក្នុង​ធម៌កា​មេ ។

ព្រះ​រាជសម្ភារ ជា​រាជកវី​បណ្ឌិត​ពុទ្ធសាសនិក ជា​អ្នកប្រាជ្ញ​អក្សរសាស្ត្រ​ខ្មែរ​ដែល​មាន​ខ្សែស្រឡាយ​ជា​ពូជពង្សក្សត្រ ។ ព្រះអង្គ​ទ្រង់​ចេះ​ស្ទាត់​នូវ​ព្រះ​ត្រៃ​បិដក ជំនាញ​ទាំង​គតិ​លោក និងគតិ​ធម៌ ហើយ​បាន​បន្សល់ទុក​​​ស្នាដៃ​ប្រកបដោយ​គតិបណ្ឌិត​សម្រាប់​ជាតិ​ខ្មែរ ។ ជា​អកុសល ព្រះ​ធម្ម​រាជបណ្ឌិត​អង្គ​នេះ​​បាន​​ទទួល​​ការវិនាស​អន្តរាយយ៉ាង​ទារុណ​ក្រោម​អំណាច​នៃ​សេចក្តីស្នេហា ។

  1. ​លិខិត​ផ្ញើ​ទៅ​ព្រះ​ម៉ែ យួរ​វ​តី
    ​ កំណាព្យ សរសើរ​ហេមន្តមាស​
    ​3.​ កំណាព្យ កន្លង់​មាស​មង្គល​ថ្លៃ   ​
    ​4. ​កំណាព្យ ព្រលឹង​មាស​អើយ​
    ​5. កំណាព្យ កាព្យនិរា​ស្ត្រ​
    ​6.ច្បាប់ព្រះរាជសម្ភារឬច្បាប់រាជនេតិ
    ​7. ច្បាប់​ហៃ​សាធុ​ជន ឬច្បាប់​ត្រីនេត្រ​
    ​8. កំណាព្យ ចារ​ឰដ៏​ចុង​ត្នោត មុន​ពេល​ទ្រង់​ចូល​ទីវង្គត​

ព្រះរាជជីវប្រវត្តិកវីរាជសម្ភារ

អំឡុងពេលដែលព្រះបរមរាជសម្ភារ បានឡើងសោយរាជ នៅរាជធានីឧដុង្គ ទ្រង់បានខកបំណងជាខ្លាំងដែលគូណ្ដឹងរបស់ខ្លួនបានក្លាយជាអ្នកម្នាងរបស់សម្ដេចព្រះឧទ័យ ប៉ុន្តែទ្រង់នៅតែលួចទាក់ទងគ្នាជានិច្ច ក្រោយមកដែលទ្រង់យល់ឃើញថា ទ្រង់ជាស្ដេចសោយរាជមែនពិត តែទ្រង់មិនមានអំណាចត្រាសបញ្ជារលើពួកមន្ត្រីនោះទេ ការគ្រងរាជដោយគ្មានអំណាចបែបនេះ ទ្រង់ក៏សម្រេចព្រះទ័យផ្លាសរាជដំណាក់ទៅ កោះឃ្លោក (បច្ចុប្បន្ន: កោះឧកញាតី)ខេត្តកណ្តាលក្នុងឆ្នាំ ១៦៣២ នៃគ.សករាជ ដើម្បីស្វែងរកការគាំទ្រពីក្រុមមន្ត្រីផ្សេងៗទៀត អំឡុងពេលដែលទ្រង់ស្នាក់នៅឯរាជដំណាក់កោះឃ្លោក ទ្រង់បានតាក់តែងកំណាព្យ ជាច្រើន និងបានតាក់តែងច្បាប់មួយមានឈ្មោះថា “ច្បាប់រាជនេតិ” ក្រោយមកត្រូវបានគេហៅថា “ច្បាប់រាជសម្ភារ” (Les cpâp’ ou «Codes de conduite» khmers. IV. Cpâp Rajaneti ou Cpàp’ Brah Râjasambhâr) ។ ខណៈពេលដែល ព្រះរាជសម្ភារ គង់នៅរាជដំណាក់ កោះឃ្លោក អ្នកម្នាងយួរវត្តី តែងរកលេះថា ទៅធ្វើបុណ្យនៅវត្តមួយចំនួន ក្នុងខេត្តកណ្ដាល ដើម្បីលួចទៅជួបនិង ព្រះរាជសម្ភារ ដើម្បីរួមមេត្រីស្នេហា ការយាងទៅច្រើនលើកច្រើនសារ របស់អ្នកម្នាងយួរវត្តី ក្នុងបំណងទៅជួបព្រះរាជសម្ភារ បានដឹងដល់សម្ដេចព្រះឧទ័យ ទ្រង់ខ្ញាល់ (ខឹង) យ៉ាងខ្លាំង បានប្រកាសរាជសារពីទោសសាហាយស្មនរវាង អ្នកម្នាងយួរវត្តី និង រាជសម្ភារ ថាជាទង្វើរមិនគួរគប្បីដោយមានលេះគ្រប់គ្រាន់ កងកម្លាំងរបស់សម្ដេចព្រះឧទ័យបានបើកការវាយប្រហារព្រះរាជដំណាក់ ព្រះរាជសម្ភារ នៅកោះឃ្លោក ដោយសម្ភារវុធ និងកងទ័ពរបស់ព្រះឧទ័យច្រើនជាង នៅទីបំផុតកងទ័ព សម្ដេចព្រះ
ឧទ័យ បានវាយកាន់កាប់ព្រះរាជដំណាក់នៅកោះឃ្លោក ដោយមានការជ្រោមជ្រែងពីសំណាក់ពួកប៉ទុយហ្គាល់ (Portugal) ផងដែរ ។ ព្រះរាជសម្ភារ និងអ្នកម្នាងយួរវត្តី បានរត់ភៀសខ្លួនទៅដល់ស្រុកកញ្ឆរខេត្តក្រចេះ ទោះជាយ៉ាងណានៅតែមិនអាចរត់គេចខ្លួនបានឡើយ អ្នកម្នាងយួរវត្តីត្រូវបានកងកម្លាំងព្រះឧទ័យ បាញ់ដោយកាំភ្លើងចូលទីវង្គត់ក្នុងពេលនោះ ចំណែកឯ ព្រះជសម្ភារ បានឡើងទៅពួននៅលើចុងត្នោត ដោយសេចក្ដីមរណៈ ជិតមកដល់ ព្រះរាជសម្ភារ ក៏បានកាត់មែកត្នោតយកមកតាក់តែងបានជាកំណាព្យមួយមានឈ្មោះថា កំណាព្យ “ចារចុងត្នោត” កងកម្លាំងរបស់ ព្រះឧទ័យបានស្វះស្វែងរកព្រះរាជសម្ភារ ក៏ប្រទះឃើញពួននៅលើចុងត្នោត ដោយទាហ៊ាន ប៉ទុហ្គាល់ពីរនាក់ ឃើញដូចនេះ ក៏ទាញកាំភ្លើងបាញ់ប្រហារជីវិត ព្រះរាជសម្ភារ ធ្លាក់ពីលើចុងត្នោត សោយទីវង្គត់ ដោយការធ្វើរដ្ឋប្រហារយោធា ក្នុងឆ្នាំ ១៦៣៤ នៃគ.សករាជ ក្រោយទទួលបានជោគជ័យរួចរាល់ហើយ សម្ដេចព្រះឧទ័យ មិនបានលើកបុត្ររបស់ខ្លួនឱ្យឡើងសោយរាជភ្លាមៗនោះទេ ព្រោះបុត្ររបស់ខ្លួន មានព្រះជន្មក្មេងវ័យពេក ទ្រង់ក៏សម្រេចព្រះទ័យលើក អង្គពញ្ញានូរ ដែលជាបុត្រាទី២ របស់ព្រះជ័យជេស្ឋាឱ្យឡើងសោយរាជនៅរាជធានីឧដុង្គ ក្នុងឆ្នាំ ១៦៣៤ នៃគ.សករាជ ដែលទ្រង់មានព្រះនាមក្នុងរាជថា “អង្គទងរាជាធិរាជ រាមារធិបតី” ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព